6 reson to become strong man អ្នកស្រាវជ្រាវបង្ហាញមូលហេតុចំនួន ៦ ដែលធ្វើឲ្យបុគ្គលស្ងប់ស្ងៀម ឆ្លាតជាងបុគ្គលនិយាយច្រើន




នៅ ​ក្នុង​​ទំនាក់ទំនង​របស់​​លោក​អ្នក​ប្រចាំ​ថ្ងៃ លោក​អ្នក​នឹង​សង្កេត​ឃើញ​​បុគ្គល​មួយ​ចំនួន​​​ជា​មនុស្ស​ដែល​សំបូរ​ ពាក្យពេចន៍​​និយាយ​មិន​ចេះ​ចប់ ពូកែ​វោហារសាស្ត្រ​ចាក់​ទឹក​មិន​លេច ខណៈ​ដែល​​បុគ្គល​មួយ​ចំនួន​ទៀត​មិន​ពូកែ​និយាយ​ដូច​គេ ចូលចិត្ត​ភាព​ស្ងប់ស្ងៀម​បាន​​ត្រឹមតែ​ស្តាប់​គេ​ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ អ្នក​ដែល​ពូកែ​និយាយ​ក៏​មិន​ប្រាកដ​ថា ពូកែ​ធ្វើ​នោះ​ដែរ ហើយ​អ្នក​ដែល​មិន​និយាយ​ច្រើន​ក៏​មិន​ប្រាកដ​ថា ​មិន​ពូកែ​ធ្វើ​នោះ​ទេ​។ នៅ​ទី​នេះ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​​ស្ងប់ស្ងៀម​ មាន​លក្ខណៈ​សម្បត្តិ​ឆ្លាត​ជាង​អ្នក​ដែល​និយាយ​ច្រើន​ទៅ​វិញ​​ដោយ​បាន​លើក​ យក​មូលហេតុ​ចំនួន ៦ ដូច​ខាងក្រោម​នេះ៖
១)មនុស្ស​ដែល​ស្ងប់ស្ងៀម រវល់​តែ​ស្ដាប់​អ្នកដទៃ​​កំពុង​និយាយ
អ្វី ​ដែល​គេ​មើល​ឃើញ​ជា​ទូទៅ​របស់​បុគ្គល​​នៅ​ស្ងប់ស្ងៀម​នោះ​គឺ​ថា ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្សម្នា ខ្លួន​គឺ​ជា​បុគ្គល​​ម្នាក់​ដែល​ជា​ផ្ទាំងស៊ីប​នៃ​ការ​ស្ដាប់​មតិយោបល់ ឬ ការ​ពិភាក្សា​របស់​អ្នកដទៃ​​។ បុគ្គល​ប្រភេទ​នេះ អាច​ស្ដាប់​បាន​គ្រប់ជ្រុងជ្រោយ​នូវ​អ្វី​ដែល​គេ​និយាយ ខណៈ​ដែល​អ្នក​និយាយ​ខ្លះ​មិន​បាន​ដឹង​ថា ខ្លួន​​បាន​និយាយ​អ្វីខ្លះ​ក៏​មាន។ ចំណុច​ត្រង់​​​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បុគ្គល​ស្ងប់ស្ងៀម​អាច​ត្រងត្រាប់​ វិភាគ វាយតម្លៃ​បាន​ច្រើន​​​ ហើយ​​មាន​គំនិត​ច្រើន​លើស​អ្វី​ដែល​អ្នក​និយាយ​ច្រើន​ទៅ​ទៀត​ក៏​ថា​បាន។​
២)បុគ្គល​ស្ងប់ស្ងៀម​​ជា​ទូទៅ​ចូលចិត្ត​​សរសេរ និង អាន​ច្រើន​ជាង​ខ្លួន​និយាយ
គុណសម្បត្តិ ​មួយ​ទៀត​ដែល​គេ​មិន​អាច​ប្រកែក​បាន​នោះ​គឺ​ថា ជា​ទូទៅ​អ្នក​ដែល​ស្ងប់ស្ងៀម​​​ចូលចិត្ត​ចំណាយ​ពេល​ច្រើន​លើ​ការ​សរសេរ និង អាន​សៀវភៅ​ច្រើន​ជាង​អ្នក​ដែល​និយាយ​ច្រើន​។ ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងប់ស្ងៀម​ប្រមូល​បាន​គំនិត​ថ្មី មាន​ភាព​ច្នៃប្រឌិត បំផុស​ឲ្យ​​កើត​ចេញ​ជា​សកម្មភាព​មាន​ប្រយោជន៍​ដល់​ពួកគេ។​​​


៣)បុគ្គល​ស្ងប់ស្ងៀម​មាន​​​សមត្ថភាព​គិត​ខ្ពស់​ ដោយសារ​​ពិចារណា​ច្រើន​
នៅ ​ទី​នេះ​របាយការណ៍​ស្រាវជ្រាវ​របស់​ទស្សនាវដ្ដី​ AARP របស់​រក​ឃើញ​ថា ភាព​ស្ងប់ស្ងៀម​គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​បំប៉ន​ខួរក្បាល​ឲ្យ​មាន​សុខភាព​ ល្អ ព្រោះ​​ភាព​ស្ងប់ស្ងៀម​បាន​ផ្ដល់​ឱកាស​ឲ្យ​ខួរក្បាល​បាន​គិត​ពិចារណា​​ស្វែង ​រក​អ្វី​ដែល​ត្រឹមត្រូវ​មុន​នឹង​ចេញ​ជា​សកម្មភាព​អនុវត្ត​ចេញ​​មក។ បុគ្គល​ដែល​ស្ងប់ស្ងៀម​ចំណាយ​ពេល​លើ​ការ​ធ្វើ​សមាធិ ប្រមូល​ផ្ដុំ​កម្លាំង​បញ្ញា​ស្មារតី​ឲ្យ​កាន់តែ​រឹងមាំ​គិត​ទៅ​លើ​អ្វី​មួយ​ ដែល​បាន​ឮ​ដោយ​មិនមែន​ចេះ​តែ​ជឿ​តាម​តែ​គេ​និយាយ​នោះ​ឡើយ។
៤)បុគ្គល​ស្ងប់ស្ងៀម​ មិនមែន​មាន​ន័យ​ថា​គេ​ជា​មនុស្ស​ឯកោនិយម​ទេ
នៅ​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​បញ្ញា​ឈ្លាសវៃ មាន​មួយ​ផ្នែក​ជា​ប្រភេទ​មនុស្ស​ដែល «មាន​ទម្លាប់​រក្សា​ភាព​ស្ងប់ស្ងៀម – introverts»។ និយាយ​នេះ​មិន​មែន​ទាំង​អស់​ទេ គឺ​ចំពោះ​បុគ្គល​ខ្លះ។ របក​គំហើញ​របស់​លោក​ស្រី Susan Cain ដែល​បាន​សរសេរ​ចងក្រង​សៀវភៅ​របស់​លោក​ស្រី ​ក្រោម​ចំណង​ជើង​ថា «ការ​រក្សា​ភាព​ស្ងប់ស្ងៀម ៖ ​ថាមពល​ពិសេស​របស់​បុគ្គល​មិន​សូវ​បាន​វោហារ » មាន​ដូចតទៅ​នេះ៖
តាមពិត «មនុស្ស​ស្ងប់ស្ងៀម» និង «មនុស្ស​ខ្មាសអៀន» ខុសគ្នា។ មនុស្ស​ដែល​អៀនខ្មាស​ច្រើន ដោយសារ​គេ​បារម្ភ​ខ្លាច​ពេល​គេ​ធ្វើ​អ្វីមួយ ឬ​និយាយ​អ្វី​ចេញ​ទៅ មាន​គេ​សើច​ចំអក។ នេះ​ជា​អ្វី​ដែល​គេ​គិត។ មូលហេតុ​នេះ​នាំ​ឲ្យ​គេ​ខ្លាច​រអា ​លែង​ហ៊ាន​និយាយ​ស្ដី។ ដោយឡែក មនុស្ស​ស្ងប់ស្ងៀម ជា​បុគ្គល​ដែល​មិន​ខ្មាសអៀន​ទេ គេ​ជា​បុគ្គល​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ប៉ុន្តែ​ចំណុច​សំខាន់ ដោយសារ​គេ​មិន​ចង់​បញ្ចេញ​មុខមាត់​ច្រើន ឬ​គេ​មិន​ចូលចិត្ត​និយាយ​វ៉ាងទី​ម្នាក់ឯង​កណ្ដាល​ជំនុំ​ចំណោម​ អ្នកផងទាំងពួង។
​មនុស្ស​ស្ងប់ស្ងៀម ឬ​មនុស្ស​មិន​សូវ​បាន​សម្ដី គឺ​កត្តា​ធម្មជាតិ​របស់​គេ​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​យក ឬ​ឆាប់​ចាប់​បាន​អ្វីៗ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ មនុស្ស​ប្រភេទ​នេះ​ស្រូប​បាន​ចំណេះដឹង​ច្រើន​មក​ទុក​នៅ​ក្នុង​ខ្លួន ​ព្រោះ​គេ​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​សម្រាប់​ទទួល​យក​ចំណេះដឹង​ថ្មីៗ។

៥) បុគ្គល​ស្ងប់ស្ងៀម ជា​មនុស្ស​ដែល​ប្រសប់​ប្រើ​ពាក្យពេចន៍ និង​ភាសា​និយាយ
ចំណាំ​មើល​ទៅ! មនុស្ស​ដែល​ចូលចិត្ត​និយាយ​បូរបាច់​ច្រើន ឥត​ប្រយោជន៍​ទៅ​វិញ​ទេ។ គេ​ចេះ​តែ​និយាយ​ឲ្យ​តែ​បាន​។ ពេល​ខ្លះ គេ​គ្មាន​មូលដ្ឋាន ឬ​ទឡ្ហីករណ៍​រឹងមាំ សម្រាប់​ជា​បន្ទាល់​ចំពោះ​អំណះអំណាង​របស់​គេ​ប៉ុន្មាន​ទេ។ ​ផ្ទុយទៅវិញ មនុស្ស​មិន​សូវ​បាន​សម្ដី កាលណា​គេ​និយាយ​មួយ​ដឹង​មួយ។ ​ពាក្យពេចន៍​ដែល​គេ​និយាយ​ចេញ​មក​មាន​តម្លៃ មាន​ទម្ងន់ មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់ រហូត​អ្នក​ខ្លះ​ស្ដាប់​ខ្លប​ស្លឹកត្រចៀក គ្មាន​ហ៊ាន​ប្រកែក ​ព្រោះ​គេ​និយាយ​ត្រូវ​ចំ​ចំណុច។
ចំណុច​សំខាន់​ព្រោះ​មនុស្ស​ប្រភេទ​នេះ​ពូកែ​ស្ទង់​ចិត្ត​មនុស្ស និង​ពូកែ​ស្ទាបស្ទង់​ស្ថានការណ៍ (reflective)។ គេ​ដឹង​ថា​អ្នក​នៅ​ជុំវិញ​ខ្លួន​គេ​កំពុង​គិត​អ្វី? កំពុង​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ?
៦) បុគ្គល​ស្ងប់ស្ងៀម​ចូលចិត្ត​ស្ដាប់​ច្រើន​ជាង​និយាយ
បុគ្គល​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លាតវៃ​កម្រិត​ខ្ពស់ ជា​ប្រភេទ​មនុស្ស​ដែល​មាន​ទម្លាប់​ស្ដាប់​អ្នកដទៃ ដើម្បី​យក​មក​ត្រិះរិះ​ពិចារណា។ មនុស្ស​ប្រភេទ​នេះ​ប្រមូល​បាន​ចំណេះដឹង​ច្រើន​លើសលប់ ជាង​មនុស្ស​ដែល​និយាយ​ច្រើន។ ចំណុច​សំខាន់​ត្រង់​ថា​អ្វី​ដែល​គេ​ស្ដាប់​មក គេ​មិន​មែន​ជឿ​ស្លុង ១០០% ដោយ​គ្មាន​ការ​ពិចារណា​ទេ ​ព្រោះ​គេ​ចេះ​ធ្វើ​សំយោគ និង​ថ្លឹងថ្លែង ដឹង​អាក្រក់​ល្អ​ស​ខ្មៅ។
លទ្ធផល​បាន​មក​ពី​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​កាលណា​មនុស្ស​ម្នាក់​មាន​ ទម្លាប់​ស្ដាប់​អ្នក​ដទៃ អ្នក​នោះ​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត (decision making)។ មាន​ន័យ​ថា មនុស្ស​យើង​មិន​សម​ជឿ​លើ​អ្វី​ដែល​គ្រាន់​តែ​ឮ​គេ​ថា​នោះ​ទេ ប៉ុន្តែ​ត្រូវ​ចេះ​សំយោគ​ថ្លឹងថ្លែង។ ពេល​ខ្លះ បើ​គេ​ស្ដាប់​ឮ​ទស្សនៈ ឬ​យោបល់​ដែល​ប្រាសចាក​ប្រាកដភាព (reality) គេ​អាច​នឹង​សើច​ក្នុង​ចិត្ត ​ព្រោះ​គេ​ដឹង​ថា​អា​គាត់​នេះ​និយាយ​ចេញ​មក​ល្ងង់​សុទ្ធ​តែម្ដង៕

No comments

Powered by Blogger.